Thursday, October 8, 2015

ប្រភេទផ្កា

សូមជួយចំណាំផ្កា

ម្ចាស់ប្លក់បានដាក់បង្ហាញរូបផ្កាប្រចាំប្រទេសអាស៊ាន ។ ហើយមានប្រិយមិត្ត​យើងច្រើន​ចាប់អារម្មណ៍ផ្ការំដួល ។ ក្នុងពេលជាមួយគ្នានេះ មានផ្កាខ្លះម្ចាស់ប្លក់ខ្លួនឯង​អត់ស្គាល់​ផង​ទេ ។ បើប្រិយមិត្តណាមិនស្គាល់ដូចខ្ញុំដែរ ឬបានឮតែឈ្មោះ សូមចូលមកជួយ​ចាំគ្នា ។ ខ្ញុំមានរូបផ្កាមួយចំនួនមកបង្ហាញ ៖
រំដួល និង ក្តាំងងា
Kdang Ngeaa
រំដួលជាផ្កាប្រចាំជាតិយើង ។ ផ្កានេះមានវត្តមានក្នុង​ចម្រៀង​និង​ជាឈ្មោះ​តួអង្គ ក្នុងរឿង និង ឈ្មោះមនុស្សពិតក្នុងសង្គមខ្មែរដែរ ដូចជា រំដួលដងស្ទឹងសង្កែ, រំដួលសៀមរាប, ​រំដួល​​ក្រចេះ … ។​ ក្តាំងងា នេះម្ចាស់ប្លក់ធ្លាប់ឮតែនៅក្នុងចម្រៀង ពិសេសបទ ដើរលេងក្នុងសួន ។ ប្រិយ​មិត្ត​ណាចេះបទនេះ សូមជួយយកមកចែកជួនផង ។ សូមនិយាយដោយត្រង់ថា នៅកន្លែង​ធ្វើការ ម្ចាស់ប្លក់ដើរ​កាត់និង​ឃើញរាល់ថ្ងៃ ប៉ុន្តែមិនស្គាល់ថាជាផ្កាអ្វី ។  ហេតុនេះ​ដើម្បីជា​ប្រយោជន៍​ ដល់ម្ចាស់ប្លក់ខ្លួនឯងផងនិងដល់ប្រិយមិត្តដែលមិនស្គាល់​ ខ្ញុំសូម​នាំយក​មកដាក់បង្ហាញឲ្យបានស្គាល់ជាទូទៅ ។
ស្តាប់បទរំដួលក្រចេះដោយអ្នកចម្រៀង កែវ សារ៉ាត់៖
ផ្កាចំប៉ី និង ចម្ប៉ា
Champey2Champeya
ចំប៉ី ជាផ្កាប្រចាំជាតិឡាវ ប៉ុន្តែឡាវនិងថៃគេហៅខុសពីយើង គឺគេហៅផ្កាចំប៉ីថា ចាម-ប៉ា ឬ ចាំ- ប៉ា ។  ឡាវមានបទចម្រៀងប្រចាំជាតិរបស់គេមួយបទ មានចំណង​ជើង​ថា ដួង​ចាមប៉ា ។  នៅ​ស្រុក​យើង អ្នកខ្លះគេប្រកាន់មិនដាំចំប៉ីក្បែរលំនៅ​ឋានទេ គេច្រើនដាំនៅតាមទីសាធារណៈ​ឬនៅ​ក្នុងវត្ត ។ ខ្ញុំ​ឃើញគេប្រមូលផ្កាចំប៉ីនេះទាំងបាវៗ ពិសេស​នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ។ គេ​យកទៅ​លក់ គេថាវាជាថ្នាំ ។ ប៉ុន្តែគេមិនបានប្រាប់ថា វា​កប​នឹងជំងឺអី្វទេ ។ ផ្កា ចម្ប៉ា (ឬ ចំប៉ា) មានខ្លិន​ក្រអូប ។ ថៃនិងឡាវហៅថាផ្កានេះថា จำปี (ចាំ-ប៉ី) ។ សុភាពស្រ្តីយើង​ខ្លះចូលចិត្ត​យកវាមកចង​សក់ ឬគេ​យកទៅ​ថ្វាយព្រះ ។ តាមទិដ្ឋភាពជាក់ស្តែង ផ្កាចម្ប៉ាគេដាក់ថាស ឬខ្ចប់ស្លឹកចេក​ យ៉ាង​មាន​របៀប​ចំណែក​ផ្កាចំប៉ី​វិញ គេច្រកបាវឬការ៉ុងយ៉ាងសុកមម៉ុក ។ ខ្មែរយើងមានបទចម្រៀង​ជា​ច្រើនបទ​ដែលទាក់ទងនឹងផ្កាចម្ប៉ានិងចំប៉ីនេះ ។
ដើម្បីបានស្គាល់ញាតិអាស៊ាន សូម​ស្តាប់បទរបស់ឡាវ មានចំណងជើងថា ​ដួងចាំប៉ា (ដួងចំប៉ី)៖

No comments:

Post a Comment