- ចេញផ្សាយនា សុក្រ, 23 វិច្ឆិកា 2012 15:47
អង្គការខាណា ដោយមានកិច្ចសហការជាមួយអង្គការ FHI360 អង្គការ PSI បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍នៅកម្ពុជា (CPN+) និងមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ អន្តរជាតិ (USAID) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើរស្បែក និងកាមរោគ (NCHADS) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះ បានរៀបចំធ្វើកិច្ចពិភាក្សាស្តីពី “ដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យសូន្យបី” ដែលធ្វើឡើងសម្រាប់ទិវាពិភពលោកប្រយុទ្ធនិងអេដស៍ ១ ធ្នូ ២០១២ ។ មន្ត្រីអង្គការខាណាបាននិយាយថា ដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យសូន្យបី គឺសំដៅលើបេសកកម្មរបស់ USAID ដើម្បីសម្រេចអោយបានត្រឹមឆ្នាំ២០២០នូវ គ្មានការឆ្លងមេរោគអេដស៍ថ្មី គ្មានការស្លាប់ដោយដោយសារមេរោគអេដស៍ និងគ្មានការរើសអើង និងមាក់ងាយទាក់ទងនឹងមេរោគអេដស៍ ។
នៅក្នុងកិច្ចពិភាក្សានេះត្រូវបានចូលរួមពីលោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិរបស់អង្គការខាណា និងពីវាគ្មិនចំនួនប្រាំរូបរួមមាន លោកវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើរស្បែក និងកាមរោគ (NCHADS) អ្នកស្រី ម៉ូនិច ម៉ូសហ្វ ប្រធានការិយាល័យអប់រំ និងសុខភាពសាធារណៈរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ អន្តរជាតិ (USAID) លោក ស៊ន សុធារិទ្ធ អ្នកសម្របសម្រួលថ្នាក់ជាតិនៃបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍នៅ កម្ពុជា (CPN+) កញ្ញា កែវ ខេង តំណាងមកពីកម្មវិធីស្មាតហ្គើល (SMARTGirl) សម្រាប់ស្រីបម្រើសេវាកម្សាន្ត និងកញ្ញា ឈាង ពិសី តំណាងមកពីកម្មវិធីបុរសស្រលាញ់បុរស និងអ្នកប្លែងភេទ ។
ក្នុងអំឡុងពេលនៃការពិភាក្សាវាគ្មិននីមួយៗបានលើកឡើងអំពី “ដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យសូន្យបី” សំខាន់សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រីកសេវាកម្មសម្រាប់ក្រុម ដែលប្រឈមមុខខ្ពស់ ដោយរួមបញ្ចូលទាំងស្ត្រីបម្រើសេវាកម្សាន្ត បុរសស្រឡាញ់បុរស អ្នកប្លែងភេទ និងអ្នកប្រើប្រាស់គ្រឿងញៀន ។ បណ្តាវាគ្មិនសុទ្ធតែបានកត់សម្គាល់ថា “ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រគ្មានការឆ្លងថ្មី ក្រុមប្រឈមមុខខ្ពស់ត្រូវការជាចាំបាច់នូវការទទួលបានសេវាបង្ការជា បន្ត ដែលរួមមានការផ្តល់ស្រោមអនាម័យ ការអប់រំតាមមូលដ្ឋាន និងសេវាបញ្ជូន ។
បណ្តាវាគ្មិនបានបន្ថែមផងដែរថា “ ការផ្សារភ្ជាប់ដ៏រឹងមាំរវាងផែនការគ្រួសារ និងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ក៏មានសារៈសំខាន់ផងដែរ ដើម្បីធានានូវការទទួលបានមធ្យោបាយពន្យារកំណើតបែបទំនើប” ។ ទន្ទឹមនោះតំណាងអ្នកផ្ទុកមេរោគអេដស៍បានធ្វើសំណូមពរដូចៗគ្នាថា សូមបញ្ឈប់ការរើសអើងចំពោះយើងខ្ញុំ ព្រោះយើងខ្ញុំគ្រាន់តែចង់មានសេរីភាពក្នុងការរស់នៅជាធម្មតាដូចអ្នក ឯទៀតដែរ ។
គួរបញ្ជាក់ថា តាមរបាយការណ៍ជាសកលរបស់អង្គការសហប្រជាជាតិឆ្នាំ២០១២ បានបង្ហាញថា ការស្លាប់ដែលទាក់ទងនិងមេរោគអេដស៍ បានធ្លាក់ចុះប្រមាណជា ៧៧ភាគរយ ចាប់តាំងពីឆ្នាំ២០១១ ។ ទោះជាយ៉ាងនេះក្តី ក៏នៅតែមានអ្នកស្លាប់ដោយសារមេរោគអេដស៍ចំនួន ១៤៤៩នាក់ក្នុងឆ្នាំ២០១១ ។
លោក ស៊ន សុធារិទ្ធ អ្នកសម្របសម្រួលថ្នាក់ជាតិនៃបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍នៅ កម្ពុជាបានមានប្រសាសន៍ថា “ ប្រសិនបើមិនមានការបន្តគាំទ្រ សម្រាប់ការព្យាបាលមេរោគអេដស៍ទេ នោះវានឹងមិនអាចទទួលជោគជ័យក្នុងការឈានទៅរកការសម្រេចបាន គ្មានការស្លាប់ទាក់ទងនឹងមេរោគអេដស៍នោះទេ “ ។ វាគ្មិនទាំងប្រាំរូបបានបង្ហាញពីទំនាក់ទំនងជាអវិជ្ជមានរវាងការ មាក់ងាយនិងមេរោគអេដស៍ ដែលបង្កើតជាឧបសគ្គសម្រាប់អ្នករងផលប៉ះពាល់ដោយមេរោគអេដស៍ ក្នុងការទៅទទួលសេវាធ្វើតេស្តឈាម សេវាថែទាំ និងព្យាបាល ។ លោក ស៊ន សុធារិទ្ធ ក៏បានបន្ថែមទៀតថា “ យើងមានការភ្ញាក់ផ្អើលចំពោះលទ្ធផលនៃរបាយការណ៍ការសិក្សាលើសន្ទស្សន៍ នៃការមាក់ងាយដែលបង្ហាញថា ២០ភាគរយ នៃអ្នកឆ្លើយតបដែលផ្ទុកមេរោគអេដស៍បានឆ្លើយថា ដោយសារតែការមាក់ងាយធ្វើអោយពួកគេមិនបានទៅទទួលសេវាសុខភាព ទោះបីជាពួកគេត្រូវការវាក៏ដោយ ។ នេះបង្ហាញអោយឃើញថា វគ្គបណ្តុះបណ្តាលលើកកម្ពស់ចំណេះដឹង នៅតែត្រូវការបន្ថែមទៀតសម្រាប់បុគ្គលិកសុខាភិបាលដែលធ្វើការជាមួយ អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ។
ចំណែកវេជ្ជបណ្ឌិត មាន ឈីវុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើរស្បែក និងកាមរោគ បានបង្ហាញថា “ការបង្ការ និងថែទាំព្យាបាលបន្ត“ នឹងអាចជួយដល់ការឆ្លើយតបក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ជាតិ ដើម្បីបង្កើនការស្វែងរកអ្នកដែលមានផ្ទុកមេរោគអេដស៍ និងធានាអោយបានប្រាកដថាពួកគេនឹងទទួលបានការថែទាំព្យាបាល និងការបង្ការទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ៕
Source: http://www.magazinecambodia.com/index.php?option=com_content&view=article&id=3115:2012-11-23-08-47-20&catid=82&Itemid=479
No comments:
Post a Comment